Pages

Wednesday, April 20, 2011

១៧.កោធវគ្គ

១៧. កោធវគ្គ

២២១.             កោធំ ជហេ វិប្បជហេយ្យ មានំ, សំយោជនំ ព្វមតិក្កមេយ្យ;
តន្នាមរូបស្មិ មសជ្ជមានំ,                    អកិញ្ចនំ នានុបតន្តិ ទុក្ខា។
បុគ្គលគួរលះបង់សេចក្ដីក្រោធចេញ  គួរលះបង់មានះចេញ  គួរកន្លងសញ្ញោជនធម៌ទាំងអស់ចោលចេញ ទុក្ខទាំងឡាយតែងមិនជាប់តាមបុគ្គល ដែលមិនជំពាក់ក្នុងនាមនិងរូប មិនមានកិលេស គ្រឿងកង្វល់នោះឡើយ។

២២២.             យោ វេ ឧប្បតិតំ កោធំ,            រថំ ភន្តំវ ធារយេ ;
តមហំ សារថិំ ព្រូមិ,                  រស្មិគ្គាហោ ឥតរោ ជនោ។
បុគ្គលណាឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់រថដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះថាសារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបរ(មិនមែនសារថីឡើយ)

២២៣.           អក្កោធេន ជិនេ កោធំ,            អសាធុំ សាធុនា ជិនេ;
ជិនេ កទរិយំ ទានេន,              សច្ចេនាលិកវាទិនំ។
បុគ្គលគប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្ដីមិនក្រោធ គប្បីផ្ចាញ់មនុស្សអសប្បុរសដោយ សប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ដោយការអោយ គប្បីផ្ចាញ់មនុស្សនិយាយមិនពិត ដោយពាក្យពិត។

២២៤.             សច្ចំ ភណេ ន កុជ្ឈេយ្យ,         ទជ្ជា អប្បម្បិ យាចិតោ;
ឯតេហិ តីហិ ឋានេហិ,              គច្ឆេ ទេវាន សន្តិកេ។
បុគ្គលគួរពោលពាក្យពិត១ មិនគួរក្រោធ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរអោយតាមតិច១ បុគ្គលគប្បីទៅកើតក្នុងសំណាក់ទេវតាទាំងឡាយបានដោយហេតុទាំង៣នេះឯង។

២២៥.             អហិំសកា យេ មុនយោ,          និច្ចំ កាយេន សំវុតា;
តេ យន្តិ អច្ចុតំ ឋានំ,                 យត្ថ គន្ត្វា ន សោចរេ។
ជនទាំងឡាយណាជាអ្នកប្រាជ្ញ មិនបៀតបៀនសត្វដទៃ សង្រួមហើយដោយកាយទ្វារជាដើម ជានិច្ច ជនទាំងឡាយនោះ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ តែងមិនសោកស្ដាយ។

២២៦.             សទា ជាគរមានានំ,                 អហោរត្តានុសិក្ខិនំ;
និព្ពានំ អធិមុត្តានំ,                     អត្ថំ គច្ឆន្តិ អាសវា។
កាសវៈទាំងឡាយរបស់មនុស្ស អ្នកភ្ញាក់រឭកសព្វកាល ជាអ្នកសិក្សាត្រៃសិក្ខា ទាំងថ្ងៃទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិពា្វន តែងដល់នូវការតាំងនៅមិនបានឡើយ។

២២៧.            បោរាណមេតំ អតុល,               នេតំ អជ្ជតនាមិវ;
និន្ទន្តិ តុណ្ហិមាសីនំ,                 និន្ទន្តិ ពហុភាណិនំ;
មិតភាណិម្បិ និន្ទន្តិ,                  នត្ថិ លោកេ អនិន្ទិតោ។
ម្នាលអតុលៈការតិះដៀលនឹងការសរសើរនេះជារបស់បូរាណ ការតិះដៀលនិងការសរសើរនេះ មិនមែនទើបនឹងកើតឡើយក្នុងថ្ងៃនេះទេ(ព្រោះថា)ជនទាំងឡាយតែងនិន្ទាបុគ្គលអ្នក អង្គុយស្ងៀមក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើនក៏មាន នន្ទាបុគ្គលអ្នកនិយាយល្មមប្រមាណក៏មាន(បុគ្គលណាៗក៏ដោយ)ក្នុងលោក ដែលមិនត្រូវគេនិន្ទាគ្មានឡើយ។
២២៨.             ន ចាហុ ន ច ភវិស្សតិ,              ន ចេតរហិ វិជ្ជតិ;
ឯកន្តំ និន្ទិតោ បោសោ,            ឯកន្តំ វា បសំសិតោ។
បុគ្គលដែលត្រូវគេនិន្ទាតែម្យ៉ាង ឬត្រូវគេសរសើរតែម្យ៉ាងមិនមែនមានមកហើយតែក្នុងអតីតទេ នឹងមានទៅក្នុងអនាគតក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ។

២២៩.             យញ្ចេ វិញ្ញូ បសំសន្តិ,               អនុវិច្ច សុវេ សុវេ;
អច្ឆិទ្ទវុត្តិំ មេធាវិំ,                        បញ្ញាសីលសមាហិតំ។
អ្នកប្រាជ្ញទាំងឡាយសង្កេតមើលរាល់ៗថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញាមានចិត្តដម្កល់ខ្ជាប់ក្នុងបញ្ញានិងសីល

២៣០.            នេក្ខំជម្ពោនទស្សេវ,                 កោ តំ និន្ទិតុមរហតិ;
ទេវាបិ នំ បសំសន្តិ,                   ព្រហ្មុនាបិ បសំសិតោ។
អ្នកណាគួរនឹងនិន្ទាបុគ្គល ដែលដូចជាឆ្ដោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតានិងមនុស្ស ទាំងឡាយក៏សរសើរបុគ្គលនោះ ទាំងព្រហ្មក៏សរសើរដូចគ្នា។

២៣១.            កាយប្បកោបំ រក្ខេយ្យ,          កាយេន សំវុតោ សិយា;
កាយទុច្ចរិតំ ហិត្វា,                 កាយេន សុចរិតំ ចរេ។
បុគ្គលគប្បីរក្សានូវការចម្រើនកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត


២៣២.            វចីបកោបំ រក្ខេយ្យ,                 វាចាយ សំវុតោ សិយា;
វចីទុច្ចរិតំ ហិត្វា,                       វាចាយ សុចរិតំ ចរេ។
បុគ្គលគប្បីរក្សានូវការចម្រើនវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្ត​វចីសុចរិត

២៣៣.           មនោបកោបំ រក្ខេយ្យ,             មនសា សំវុតោ សិយា;
មនោទុច្ចរិតំ ហិត្វា,                   មនសា សុចរិតំ ចរេ។
គប្បីរក្សានូវការកម្រើនចិត្ដ គប្បីសង្រួមចិត្ដ គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត។

២៣៤.            កាយេន សំវុតា ធីរា,               អថោ វាចាយ សំវុតា;
មនសា សំវុតា ធីរា,                  តេ វេ សុបរិសំវុតា។
អ្នកប្រាជ្ញទាំងឡាយបានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយបានសង្រួមចិត្តហើយលោកទាំងនោះឯង ឈ្មោះថាសង្រួមហើយដោយប្រពៃ។
​​​​​​

                                    ចប់កោធវគ្គ។

No comments:

Post a Comment

 

Sample text

Sample Text

Sample Text